-->
KKK

Tuesday, August 3, 2021

អាហ្វហ្គានីស្ថាន និងអង្គការណាតូ ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការបន្ថែម​ទៀតបន្ទាប់ពីការដកកងទ័ពចេញ

kkkចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន លោក Mohammad Haneef Atmar បានជួបប្រជុំជាមួយអ្នកតំណាងស៊ីវិលជាន់ខ្ពស់របស់អង្គការណាតូ​ប្រចាំប្រទេសអាហ្វហ្កានីស្ថាន លោក Stefano Pontecorvo ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត​បន្ទាប់ពី​ការដកកងទ័ពអន្តរជាតិចេញពីប្រទេសនេះ។ សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា «លោករដ្ឋមន្ត្រី Atmar បានដឹកនាំកិច្ចសហប្រតិបត្តិការរបស់អង្គការ​ណាតូជាមួយអាហ្វហ្គានីស្ថានក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ និងស្វាគមន៍ជំហររបស់បណ្តា​មេដឹកនាំអង្គការណាតូក្នុងការបន្តវត្តមានការទូតរបស់អង្គការនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលរបស់ខ្លួនជាមួយកងកម្លាំងសន្តិសុខ និងការពារជាតិ ជាពិសេសការបណ្តុះបណ្តាលកងកម្លាំងពិសេសអាហ្វហ្គានីស្ថាន»។

 លោក Pontecorvo បានកត់សម្គាល់នូវការប្តេជ្ញាចិត្តរបស់អង្គការណាតូក្នុងការពង្រឹងកងកម្លាំងការពារ និងសន្តិសុខអាហ្វហ្គានីស្ថាន ដោយស្នើបង្កើតសាលាបណ្តុះបណ្តាលយោធាអាហ្វហ្គានីស្ថាន និងគ្រប់គ្រងបណ្តាអាកាសយានដ្ឋាននៅក្នុងប្រទេសនេះ។ ក្រសួងនោះបានបញ្ជាក់ថា «លោក Pontecorvo បានសង្កត់ធ្ងន់ទៅលើសន្តិសុខនៅអាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai និងសារៈសំខាន់របស់វាចំពោះវត្តមានបេសកកម្មការទូត និងការបន្តជំនួយ​អភិវឌ្ឍអន្តរជាតិនៅអាហ្វហ្គានីស្ថាន»។

 ប្រទេសអាហ្វហ្គានីស្ថានបានជួបប្រទះនូវការកើនឡើងនូវអំពើហឹង្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមចលនាតាលីបង់បានបង្កើនការវាយលុករបស់ខ្លួនបន្ទាប់ពីកងទ័ពអន្តរជាតិបានចាប់ផ្តើមដកខ្លួនចេញពីប្រទេសនេះកាលពីខែឧសភា។ ការដកកងទ័ពចេញ គឺជាចំណុចមួយនៃកិច្ចព្រម​ព្រៀង​ដែល​ក្រុមចលនាតាលីបង់ និងសហរដ្ឋអាមេរិកសម្រេចបាននៅទីក្រុងដូហាកាល​ពីខែកុម្ភៈ​ឆ្នាំមុន៕(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

 


ជម្រើសជាតិកង់ហ្វឹកហាត់នៅបារំាងបានជិត២ខែ ដើម្បីបង្កើនបច្ចេកទេសត្រៀម ស៊ីហ្គេម នាចុងខែមេសា ឆ្នាំ២០២២

kkkចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុងគម្រោងហ្វឹកហាត់រយៈពេល៣ខែ នៅតំបន់ភ្នំ អាលែស ភាគខាងត្បូង នៃប្រទេសបារំាង ក្រុមកីឡាករជម្រើសជាតិទោចក្រយាន (កង់) កំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា បានរយៈពេលជិត២ខែហើយ គិតមកដល់ត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីសម្រួចបច្ចេកទេសឱ្យកាន់តែប្រសើរ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរទោចក្រយានបញ្ជាក់ថា កីឡាករជម្រើសជាតិកង់ទាំង៣នាក់ និងគ្រូបង្វឹកម្នាក់កំពុងបង្កើនការហ្វឹកហាត់នៅទីនោះ ពី៤ទៅ៥ម៉ោង ដោយការជិះកង់រាប់រយគីឡូម៉ែត្រ ក្នុង១ថ្ងៃៗផង និងការធ្វើលំហាត់កម្តៅសាច់ដុំតាមបច្ចេកទេស ដើម្បីពង្រឹងកាយសម្បទា ថាមពលកម្លាំង រួមទាំងបង្កើនល្បឿននៃការជិះផងដែរ។ តំបន់ហ្វឹកហាត់នេះ គឺជាតំបន់ភ្នំឡើងចុះមានផ្លូវកាច់កោងចុះឡើងៗ ដែលតំបន់បែបនេះសមស្របដល់ការហ្វឹកហាត់កង់ឱ្យកាន់តែមានគុណភាពខ្ពស់ ម្យ៉ាងទៀតក្រុមកង់កម្ពុជាទាំង៣នាក់ក៏បានហ្វឹកហាត់ និងដកស្រង់បច្ចេកទេសជាមួយក្រុមកង់អាជីពនៅប្រទេសបារំាងផងដែរ។

សម្រាប់ការហូបអាហារវិញ គឺកីឡាករកម្ពុជាមិនសូវស៊ាំនឹងអាហារបរទេសនោះទេ ដែលកីឡាករត្រូវចំណាយកម្លាំងច្រើនណាស់ ក្នុងការស្តារថាមពលកម្លាំងឡើងវិញ ។ ដូច្នេះដើម្បីជួយសម្រួលបន្ថែម គឺលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Academy -CCA) ដែលមានទីស្នាក់ការនៅកម្ពុជា-បារាំងតែងតែធ្វើម្អូបអាហារខ្មែរជូនដល់ពួកគាត់ញឹកញាប់ទៀតផង។ ក្រុមជម្រើសជាតិកីឡាទោចក្រយានទាំង៣នាក់ ដែលកំពុងហ្វឹកហាត់នៅប្រទេសបារំាងនេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករ សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី បានចាកចេញពីមាតុភូមិកំណើត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម នាឆ្នាំ២០២២ ក៏ដូចជាត្រៀមគោលដៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយាន កំពុងឧបត្ថម្ភគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹង ដល់ក្រុមជម្រើសជាតិផ្សេងទៀត ក្រៅពីហ្វឹកហាត់នៅបារំាង គឺមានកីឡាករជម្រើសជាតិកង់ម្នាក់ទៀត ជាកូនខ្មែររស់នៅសហរដ្ឋអាមេរិក។ ក្រៅពីនេះក៏មានការប្រមូលផ្តុំហ្វឹកហាត់ក្នុងស្រុកលក្ខណៈបិទខ្ទប់ធ្វើឡើងនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានកីឡាករ កីឡាការិនី៩នាក់ ក្រុមជម្រើសជាតិ (កង់ភ្នំ-កង់គួក) មានចំនួនសរុបចំនួន១៦នាក់ ក្នុងនោះពេញសិទ្ធិ១៣នាក់ និងបម្រុង៣នាក់ ព្រមទាំងគ្រូបង្វឹកចំនួន៤នាក់ (សរុបទាំអស់ ២០នាក់)។

គម្រោងបោះជំរុំហ្វឹកហាត់នេះ ត្រូវបន្តធ្វើរហូតដល់ខែមេសា ឆ្នាំ២០២២ ខាងមុខ ពោលគឺបន្តការហ្វឹកហាត់រហូតជិតដល់ ស៊ីហ្គេម នៅប្រទេសវៀតណាម តែម្តង ក្រោមការឧបត្ថម្ភថវិកាប្រចាំខែពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា ហើយក៏ទទួលបានការឧបតម្ថម្ភបន្ថែមផ្សេងៗទៀត ពីឯកឧត្តម ប៉ាន សូរស័ក្តិផងដែរ ៕

ដោយហេង ណាលីន

Monday, August 2, 2021

ក្រុមការងារខេត្ត ចុះជួយសង្កាត់ស្រង៉ែក្រុងសៀមរាប ចុះពិនិត្យ និងលើកទឹកចិត្ត​ដល់សកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ ក្នុងនៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ !

kkkចំនួនអ្នកទស្សនា: Views


សៀមរាប៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប .ឧត្តរមានជ័យ និងជាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ ព្រមទាំងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យក្នុងនៅមណ្ឌលសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ ។

ក្នុងឱកាសនោះលោកឧកញ៉ា ហ៊ុយ ភៀវ បានមានប្រសាសន៍ថា" សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតជំងឺកូវីដ-១៩ទៀតផង។ ក្នុងនោះតាមរយ:ការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ "។ វ៉ាក់សាំងដែលត្រូវចាក់នាពេលនេះ គឺជាប្រភេទវ៉ាក់សាំង Sinopharm ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ នឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយឥតគិតថ្លៃ។

លោកបានបន្តទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង បង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ដែល " វ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំងជីវិត" ដើម្បីជួយបងប្អូនអោយរួចផុតពីជំងឺចង្រៃនេះ។ នៅឱកាសចុះត្រួតពិនិត្យនោះដែរ លោកឧកញ៉ា ហ៊ុយ ភៀវ ក៏បាននាំយកបាននាំយកអំណោយផ្ទាល់ខ្លួន រួមជាមួយអំណោយរបស់សប្បុរសជនផងដែរ ដែលមានដូចជា៖ ទឹកសុទ្ធ ២០០យួរ (សប្បុរសជន ១០០យួរ), ទឹកបរិសុទ្ធ វីតាល់ ៣០កេស (សប្បុរសជន ២០កេស) និងអាល់កុល ៦០លីត្រ ( ២កាន)។ ក្នុងនោះ ធ្វើការប្រគល់ជូនដល់ក្រុមការងារសង្កាត់ស្រង៉ែ ៖ ទឹកសុទ្ធ ២០០យួរ ទឹកបរិសុទ្ធ វីតាល់ ១០កេស និងអាល់កុល ៣០លីត្រ (១ កាន) ចំពោះក្រុមគ្រូពេទ្យយុទ្ធភូមិភាគ ៤ ទទួលបាន៖ ទឹកបរិសុទ្ធ វីតាល់ ២០ កេស, អាល់កុល ៣០លីត្រ (១កាន)។

លោកឧកញ៉ា ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកធ្វើការចាក់វ៉ាក់សាំង សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និងដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងយកចិត្តទុកដាក់បន្ថែមទៀតដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

ថ្នាក់ដឹកនាំខេត្តកែប​រៀបកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៣​ជាមួយនឹងរបៀបវារ:ចំនួន៥

kkkចំនួនអ្នកទស្សនា: Views

 កែប៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១​ នេះ​ នៅសាលប្រជុំធំសាលាខេត្តកែប​ មានរៀបកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត​កែប​ អាណត្តិទី៣​ ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ ប្រធានក្រុមប្រឹក្សាខេត្ត​និងជាប្រធានអង្គប្រជុំ​ បានដាក់ចេញនូវរបៀបវារៈចំនួន៥​ ដើម្បីយកមកពិនិត្យពិភាក្សា​ និងអនុម័ត៖

១-​ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១

២-​ ពិនិត្យ ពិភាក្សា និងអនុម័តលើគម្រោងចំណូល-ចំណាយ​ ថវិការដ្ឋបាលខេត្ត​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

៣-​ សេចក្ដីព្រាងរបាយការណ៍ ស្ដីពី​ សកម្មភាពសំខាន់ៗដែលបានអនុវត្តដោយ គណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី២៥ ដល់កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត

៤-​ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា​ ឆ្នាំ២០២១​ និងលើកទិសដៅអនុវត្តន៍កាងារខែបន្ទាប់​ របស់រដ្ឋបាលខេត្ត និង៥-​ បញ្ហាផ្សេងៗ៕

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តកែប


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes