-->
KKK

Tuesday, August 3, 2021

អាហ្វហ្គានីស្ថាន និងអង្គការណាតូ ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការបន្ថែម​ទៀតបន្ទាប់ពីការដកកងទ័ពចេញ

kkkចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន លោក Mohammad Haneef Atmar បានជួបប្រជុំជាមួយអ្នកតំណាងស៊ីវិលជាន់ខ្ពស់របស់អង្គការណាតូ​ប្រចាំប្រទេសអាហ្វហ្កានីស្ថាន លោក Stefano Pontecorvo ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត​បន្ទាប់ពី​ការដកកងទ័ពអន្តរជាតិចេញពីប្រទេសនេះ។ សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា «លោករដ្ឋមន្ត្រី Atmar បានដឹកនាំកិច្ចសហប្រតិបត្តិការរបស់អង្គការ​ណាតូជាមួយអាហ្វហ្គានីស្ថានក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ និងស្វាគមន៍ជំហររបស់បណ្តា​មេដឹកនាំអង្គការណាតូក្នុងការបន្តវត្តមានការទូតរបស់អង្គការនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលរបស់ខ្លួនជាមួយកងកម្លាំងសន្តិសុខ និងការពារជាតិ ជាពិសេសការបណ្តុះបណ្តាលកងកម្លាំងពិសេសអាហ្វហ្គានីស្ថាន»។


 លោក Pontecorvo បានកត់សម្គាល់នូវការប្តេជ្ញាចិត្តរបស់អង្គការណាតូក្នុងការពង្រឹងកងកម្លាំងការពារ និងសន្តិសុខអាហ្វហ្គានីស្ថាន ដោយស្នើបង្កើតសាលាបណ្តុះបណ្តាលយោធាអាហ្វហ្គានីស្ថាន និងគ្រប់គ្រងបណ្តាអាកាសយានដ្ឋាននៅក្នុងប្រទេសនេះ។ ក្រសួងនោះបានបញ្ជាក់ថា «លោក Pontecorvo បានសង្កត់ធ្ងន់ទៅលើសន្តិសុខនៅអាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai និងសារៈសំខាន់របស់វាចំពោះវត្តមានបេសកកម្មការទូត និងការបន្តជំនួយ​អភិវឌ្ឍអន្តរជាតិនៅអាហ្វហ្គានីស្ថាន»។

 ប្រទេសអាហ្វហ្គានីស្ថានបានជួបប្រទះនូវការកើនឡើងនូវអំពើហឹង្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមចលនាតាលីបង់បានបង្កើនការវាយលុករបស់ខ្លួនបន្ទាប់ពីកងទ័ពអន្តរជាតិបានចាប់ផ្តើមដកខ្លួនចេញពីប្រទេសនេះកាលពីខែឧសភា។ ការដកកងទ័ពចេញ គឺជាចំណុចមួយនៃកិច្ចព្រម​ព្រៀង​ដែល​ក្រុមចលនាតាលីបង់ និងសហរដ្ឋអាមេរិកសម្រេចបាននៅទីក្រុងដូហាកាល​ពីខែកុម្ភៈ​ឆ្នាំមុន៕(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

 


0 Comment:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes