ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនខ្លះ បានចូលរួមពិនិត្យពិភាក្សាកែសម្រួលនូវសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាមួយក្រសួងព័ត៌មាន រាប់ឆ្នាំកន្លងមកហើយ ព្រមទាំងបានឯកភាពគ្នាម្តងរួចមកហើយដែរ តែមកដល់ពេលនេះ បែរជាត្រឡប់មកក្រោយវិញ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែល បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ច្បាប់ស្តីសិទ្ធិទទួលព័ត៌មាន គឺក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO រួមទាំងដៃគូពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ហើយចុងក្រោយនេះ មានការចូលរួមពិនិត្យដោយក្រសួងយុត្តិធម៌ បន្ទាប់មកបញ្ជូនទៅគណៈរដ្ឋមន្រ្តី។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ គឺមានសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដាក់ទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ហើយលិខិតនេះក៏បានប្រគល់មកឱ្យក្រសួងព័ត៌មាន ពិនិត្យឡើងវិញ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ច្បាប់ដែលអាចឆ្លងចេញបាន គឺផ្អែកលើគោលការណ៍អន្តរជាតិ ហើយក៏ពាក់ព័ន្ធសភាពការណ៍ជាក់ស្តែងក្នុងប្រទេស ហើយអ្វីសំខាន់គឺសភាពការណ៍នយោបាយ។
សូមជម្រាបជូនថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កំណត់អំពីសិទ្ធិនិងកាតព្វកិច្ចក្នុងការទទួលនិងផ្ដល់ព័ត៌មាន នីតិវិធី ស្នើសុំ និងផ្តល់ព័ត៌មាន និងអំពីព័ត៌មានសម្ងាត់ក្នុងគោលបំណងដើម្បីធានាឱ្យសាធារណជនគ្រប់រូប នូវសិទ្ធិក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ។ ច្បាប់នេះ កំណត់អំពីសិទ្ធិនិងកាតព្វកិច្ចនៃការទទួលនិងផ្ដល់ព័ត៌មាន គោលការណ៍ វិធាននីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន ព័ត៌មានសម្ងាត់និងកិច្ចការពារអ្នកផ្ដល់ព័ត៌មានក្នុងគោលបំណងដើម្បីធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ ក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ និងកាត់បន្ថយព័ត៌មានសម្ងាត់ឱ្យមានកម្រិត អប្បបរមាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕



ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា
Friday, July 01, 2022
news friends

0 Comment:
Post a Comment